7-Eleven មាននយោបាយមុតមាំក្នុងការគាំទ្រផលិតផលខ្មែរ ដោយមានការរៀបចំធ្នើពិសេសសម្រាប់ផលិតផល ក្នុងស្រុកនៅគ្រប់សាខា ព្រមទាំងធ្វើការយ៉ាងជិតស្និតជាមួយសហគ្រិន ព្រោះមើលឃើញពីសក្ដានុពលរបស់ ផលិតករក្នុងស្រុក ហើយជឿជាក់ថានឹងអាចបង្កើតទំនុកចិត្តឲ្យដល់អតិថិជនគ្រប់ៗគ្នា។
លោក ឆៃរោចន៍ ធីវ៉ាត់ម៉ាន់ចៈរើន Managing Director International Business នៃក្រុមហ៊ុន CP ALL PUBLIC COMPANY LIMITED បានពិភាក្សាអំពីគោលនយោបាយបង្កើតអាជីពតាមរយៈ ការជួយជ្រុមជ្រែងដល់សហគ្រិនកម្ពុជា។ ជាពិសេសគឺ ក្រុមហ៊ុនផលិត ផលិតផលក្នុងស្រុកជាគោលការណ៍សំខាន់ ដែល 7-Eleven យកចិត្តទុកដាក់បំផុតតាំងពីចាប់ផ្ដើមអាជីវកម្មមក។ ដោយសារតែផលិតផលក្នុងស្រុក គឺជា ផលិតផលដ៏សំខាន់មួយដែលនឹងធ្វើឱ្យ 7-Eleven មានភាពខុសប្លែក និងលេចធ្លោជាងហាងដទៃ។ ដូច្នេះយើង បានរៀបចំឲ្យមាននូវធ្នើពិសេសសម្រាប់ផលិតផលក្នុងស្រុក ដែលមានតាំងពីពេលបើកសាខាដំបូងមកម៉្លេះ។ ហើយមកទល់ពេលនេះធ្នើបែបនេះមាននៅគ្រប់សាខារបស់ 7-Eleven កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយពីចាប់ដៃគ្នាយ៉ាងជិតស្និតជាមួយសហគ្រិនក្នុងស្រុក។ បច្ចុប្បន្ននេះ យើងមានផលិតផលជាច្រើនមុខដាក់លក់ បន្ថែមទៀតផងដែរ។
“ផលិតផលកម្ពុជាជាច្រើន សឹងតែជាផលិតផលដែលមានគុណភាព ទោះបីជាហាង 7-Eleven មិនធំក៏ដោយ ប៉ុន្តែយើងបែងចែកកន្លែងពិសេស ដោយបច្ចុប្បន្ននេះវាមិនត្រឹមតែមាននៅលើធ្នើលក់ផលិតផលពេញនិយម របស់កម្ពុជាប៉ុណ្ណោះទេ តែផលិតផលទាំងនោះក៏ត្រូវបានដាក់លក់តាមធ្នើផ្សេងៗពាសពេញហាងតាមប្រភេទផងដែរ ដែលរួមមានដូចជា ផ្លែឈើស្រស់ ផលិតផលកសិកម្មកែច្នៃ អាហារស្ងួត អាហារក្លាសេត្រជាក់ ភេសជ្ជៈ គ្រឿងទេស នំបុ័ង និងផលិតផលផ្សេងៗទៀត។”
កាលពីចុងខែសីហាកន្លងមក ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្ដម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆៃរោចន៍ បានផ្លាស់ប្តូរយោបល់លើទំនុកចិត្តរបស់អ្នកប្រើប្រាស់ថា នៅពេលដែលមានផលិតផលក្នុងស្រុកដាក់លក់កាន់តែច្រើននៅក្នុងហាង 7-Eleven វានឹងបង្កើតទំនុកចិត្ត កាន់តែច្រើន ហើយនឹងជួយផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់បន្តិចម្តងៗ ព្រោះរឿងនេះធ្លាប់កើតឡើងដូចគ្នានៅ ប្រទេសថៃ។
“កាលពី ៣០ឆ្នាំមុន ប្រជាជនថៃក៏នៅមិនទាន់មានទំនុកចិត្តលើផលិតផលក្នុងស្រុកដូចគ្នា ហើយថែមទាំងមិនទាន់ មានជម្រើសច្រើនទេ តែ 7-Eleven បានព្យាយាមសហការជាមួយសហគ្រិនក្នុងការអភិវឌ្ឍន៍ ដោយសារផលិតផល ដែលផលិតក្នុងស្រុកមានគុណភាពខ្ពស់ ហើយមិនចាំបាច់ពឹងផ្អែកលើការនាំចូល ទើបធ្វើឲ្យពួកគាត់មានឱកាស ប្រកួតប្រជែងកាន់តែច្រើន។ មួយវិញទៀតថែមទាំងជួយផ្ដល់ឱកាស និងអាជីពដល់ប្រជាជនក្នុងតំបន់ ចាត់ទុកថា ជាការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស។ រហូតមកដល់ពេលនេះ 7-Eleven នៅក្នុងប្រទេសថៃមានភាពខ្លាំងក្នុងការ លក់ផលិតផលដែលមានគុណភាពជាច្រើនប្រភេទ ដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ហើយមានផលិតផល ក្នុងស្រុកដ៏ពេញនិយម ដែលត្រូវបានគេចាត់ទុកថាមានលក្ខណៈប្លែកពីគេ ដែលជាភាពទាក់ទាញប្លែកមួយបែបទៀត សម្រាប់ហាង 7-Eleven»។