សេវេន អ៊ីឡេវេន (7-Eleven) សាខាដំបូងនៅតាមបណ្តាខេត្តបើកដំណើរការហើយនៅ ក្រុងប៉ោយប៉ែត


ប៉ោយប៉ែត៖​ សេវេន អ៊ីឡេវេន (7-Eleven) សាខាដំបូងនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក​ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល(ខេមបូឌា) ឯ.ក និងលោកជំទាវ ភូ ឈារីនណា អ្នករួមធុរកិច្ចហាង សេវេន អ៊ីឡេវេន ជនជាតិកម្ពុជារូបដំបូង ដែលជាកូនស្រី របស់ ឯកឧត្តម ឧកញ៉ា កុក អាន នៅថ្ងៃសុក្រ ទី ១១ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលមានទីតាំងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោក ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់មួយ នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានថ្លែងបញ្ជាក់ថា ហាង សេវេន អ៊ីឡេវេន (7-Eleven) សាខា ស៊ីសេនម៉ល ប៉ោយប៉ែត (Season Mall Poipet) ជាសាខាថ្មីចុងក្រោយបង្អស់ដែលបើកបម្រើសេវាកម្មនៅកម្ពុជា និងជាសាខាដំបូងដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណ ស៊ីសេនម៉ល (Season Mall) ដែលជាមជ្ឈមណ្ឌលផ្សារទំនើបប្រចាំតំបន់ ខ្នាតធំព័ទ្ធជុំវិញដោយទីប្រជុំជនអ៊ូអរ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរួមមានធុរកិច្ចជាច្រើនប្រភេទ។

ចំណុចលេចធ្លោនៃសាខានេះ ក្រៅពីមានទំហំធំទូលាយដល់ទៅ 262 ម៉ែត្រការេ តួអគារក៏ស្រស់ឆើត គួរទាក់ភ្នែកដែលក្នុងថ្ងៃបើកដំណើរការដំបូង មានកម្មវិធីឱ្យចូលរួមសកម្មភាព និងប្រូម៉ូសិនពិសេសផ្សេងៗ ជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ទទួលស្វាគមន៍អតិថិជនដែលអញ្ជើញចូលមកប្រើប្រាស់សេវាកម្ម ដូចជា ការចែកជូនផលិតផលសាកល្បង ការចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ ដែលបានទទួលការចាប់អារម្មណ៍ ពីសំណាក់អតិថិជនដែលអញ្ជើញចូលមកទស្សនា និងប្រើប្រាស់សេវាកម្មជាបន្តបន្ទាប់ ។

“សេវេន អ៊ីឡេវេន (7-Eleven) នៅបន្តយ៉ាងមុតមាំផ្តល់ជូនផលិតផល និងសេវាកម្មដែលមានគុណភាព ដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់គុណភាពជីវិតដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៅជុំវិញ ដោយនាំមកជូននូវផលិតផលជាច្រើន ដែលសម្រិតសម្រាំងយ៉ាងល្អ រួមទាំងផលិតផលដ៏ពេញនិយម ដូចជាទឹកកកព្រិល ស្លឺបភី(Slurpee) ក៏ដូចជាផលិតផលដែលអាចញ៉ាំបានភ្លាមៗ ផ្សេងៗទៀតផងដែរ ។ លើសពីនេះ ស្ថិតក្នុងស្ថានការណ៍ការចម្លងនៃកូវីដ19 ហាង សេវេន អ៊ីឡេវេន គ្រប់សាខានៅកម្ពុជា បានបន្តរឹតបន្តឹងការអនុវត្តវិធានការណ៍បង្ការការចម្លងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនសុវត្ថិភាពជាអតិបរមាជូនដល់អ្នកប្រើប្រាស់សេវាកម្ម និងបុគ្គលិក ដែលប្រៀបបាននឹងសមាជិកគ្រួសារគ្រប់ៗគ្នា ។” លោក ឈុំរម ចេនឆ័យ បានថ្លែងដូច្នេះ។    

ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ សេវេន អ៊ីឡេវេន (7-Eleven) នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc ដែលក្នុងកិច្ចព្រមព្រមព្រៀងនោះ ស៊ីភី អល (ខេមបូឌា) ឯ.ក បានទទួលការផ្តល់សិទ្ធិនៃការចែកចាយហ្វ្រេនឆាយ  ក្នុងការបង្កើត និងដំណើរការនៃ ហាង សេវេន អ៊ីឡេវេន (7-Eleven) នៅកម្ពុជា រយៈពេល 30 ឆ្នាំ ដែលភាគីនីមួយៗអាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល 20 ឆ្នាំ ចំនួន2 ដង បន្ថែមទៀតផងដែរ ។

បច្ចុប្បន្ននេះ មានហាង សេវេន អ៊ីឡេវេន (7-Elven)  សរុបចំនួន 7 សាខា  ដែលសាខាដំបូង សេវេន អ៊ីឡេវេនជ្រោយចង្វារ បានបើកបម្រើសេវាកម្មនាខែ សីហា ឆ្នាំ 2021 ខណៈដែលសាខា 6 សាខាដទៃទៀត គឺ សេវេន អ៊ីឡេវេន ភីធីធីព្រែកព្នៅ, សេវេន អ៊ីឡេវេន ភីធីធីព្រៃកី, សេវេន អ៊ីឡេវេន ភីធីធីច្បារអំពៅ, សេវេន អ៊ីឡេវេនភីធីធីផ្សារតូច, សេវេន អ៊ីឡេវេន សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ មុនីវង្ស និង សេវេន អ៊ីឡេវេន ស៊ីសេនម៉លប៉ោយប៉ែត ។