សេវេន អ៉ីឡេវេន បើកបម្រើសេវាកម្មនៅកម្ពុជាគម្រប់ ១ ឆ្នាំ បានទទួលការឆ្លើយតបពីអតិថិជនយ៉ាងល្អ ផ្តោតសំខាន់លើចំណុចលេចធ្លោនៃផលិតផលច្រើនប្រភេទស្របតាមតម្រូវការ សេវាកម្មដែលមានភាពពិសេសដោយឡែកបង្កើតបានការពេញចិត្តតាមទស្សនៈ «យើងប្រាថ្នាស្នាមញញឹមចេញពីអតិថិជន ដោយក្រុមការងារដែលមានក្តីសុខ» បង្កើតការងារ បង្កើតចំណូលដល់ប្រជាជននៅតាមមូលដ្ឋាន ។
លោក ឆៃរ៉ូត ធិវ៉ាត់ម៉ាន់ចារ៉ឺន នាយកគ្រប់គ្រង អន្តរជាតិ ក្រុមហ៊ុន ស៊ីភី អល ចំកាត់ ជាថ្នាក់ដឹកនាំ សេវេន អ៉ីឡេវេន ខេមបូឌា មានប្រសាសន៍ថា សេវេន អ៉ីឡេវេន នៅកម្ពុជាបើកបម្រើសេវាកម្មគ្រប់ ១ ឆ្នាំហើយដោយសាខាហាងមានទាំងសាខាដែលមានទីតាំងក្នុងទីប្រជុំជន និងនៅក្នុងស្ថានីយប្រេងឥន្ធនៈ មាននៅតាម៧ ខេត្តក្រុងទូទាំងប្រទេស រួមមាន ៖ រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ដែលជាខេត្តទើបតែមានសាខាបើកថ្មីក្នុងខែសីហាកន្លងទៅនេះ ព្រមទាំងមានផែនការពង្រីកវិសាលភាពជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជានៅតំបន់ផ្សេងៗ និងជាកម្លាំងចលករមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ។
«ការរីកធំឡើងនៃសង្គមអ្នករស់នៅទីក្រុង នឹងនាំមកនូវការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ។ ប្រជាជនមានកម្លាំងទិញកាន់តែច្រើន មនុស្សវ័យក្រមុំកម្លោះមានការឆ្លើយតបបានយ៉ាងល្អទៅនឹងការប្រែប្រួល អ្វីដែលសំខាន់នោះគឺ ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តផលិតផលថៃស្រាប់ហើយ រួមជាមួយស្ថេរភាពផ្នែកសង្គម និងច្បាប់ដែលទំនុកបម្រុងដល់ការធ្វើធុរកិច្ច ព្រមទាំងពលកម្មការងារគុណភាព ។ កត្តាទាំងនេះ សុទ្ធសឹងជំរុញឱ្យ សេវេន អ៉ីឡេវេន ពង្រីកខ្លួនធំឡើង ស្របពេលដែលស្ថានការណ៍ជំងឺកូវីដ ១៩ បានធូរស្រាល វិស័យទេសចរណ៍ដែលជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យធុរកិច្ចនានាពង្រីកខ្លួនបន្តិចម្តងៗ» ។ លោក ឆៃរ៉ូត មានប្រសាសន៍ដូច្នេះ ។
សម្រាប់ទិសដៅដំណើរការធុរកិច្ចនៅកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់តម្លៃដែលផ្តល់ ៣ អត្ថប្រយោជន៍ នៃបណ្តាក្រុមហ៊ុនក្នុង ចារ៉ឺនភោគផាន់គ្រុប គឺការបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ដែលដូចគ្នាជាមួយអ្វីដែល ស៊ីភី អល ប្រកាន់ខ្ជាប់ជាត្រីវិស័យក្នុងប្រទេសថៃ ជាពិសេស សេវេន អ៉ីឡេវេន ដែលមានចេតនារម្មណ៍រីកលូតលាស់ ទន្ទឹមគ្នានឹងសហគមន៍ ព្រមទាំងសង្គម ផ្តល់ជូនផលិតផលនិងសេវាកម្មគុណភាពស្របតាមតម្រូវការ បង្កើតស្នាមញញឹមដល់គ្រប់ៗគ្នា ។
«ស៊ី.ភី អល មានការប្តេជ្ញាចិត្ត រួមបង្កើត និងបែងចែកឱកាសពីម្នាក់ទៅម្នាក់ មានគោលការណ៍ច្បាស់លាស់ដែលដើរតួជាច្រកលក់ទំនិញផលិតផលក្នុងស្រុកនៃកម្ពុជា ស្របពេលដែលនៅបន្តផ្តល់ឱកាសការងារដល់ប្រជាជននៅមូលដ្ឋាន ក្នុងការជួយជំរុញធុរកិច្ច ។ បុគ្គលិក ទាំងបុគ្គលិកការិយាល័យកណ្តាល និងបុគ្គលិកបម្រើការនៅតាមហាងផ្ទាល់ ជាជនជាតិខ្មែរមានរហូតដល់ ៩៩% ផ្ទេរចំណេះដឹងការដឹកនាំគ្រប់គ្រងតាមបែបសម័យថ្មីជូនដល់ប្រជាជនកម្ពុជា យកចិត្តទុកដាក់ចំពោះគ្រប់គ្នាប្រៀបដូចសមាជិកគ្រួសារ ដោយការយល់ពីគ្នានិងអាចស្គាល់បានដល់ជម្រៅ ចូលរួមអភិវឌ្ឍដើម្បីបង្កើតបទពិសោធន៍ល្អៗជាមួយគ្នាដល់គ្រប់ៗគ្នា ។
បន្ថែមទៀតនោះ នៅបើកឱកាសឱ្យអ្នកធុរកិច្ចក្នុងស្រុក ចូលរួមជាដៃគូរធុរកិច្ច និងអាចផ្ទេរសិទ្ធបន្តដល់សាច់សាលោហិតបានយ៉ាងយូរអង្វែង ដែលអាចនិយាយបានថា ហាង សេវេន អ៉ីឡេវេន គ្រប់សាខានោះ មានគ្រប់ដំណាក់កាលប្រទាក់ក្រឡាជួយជំរុញសេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីអ្នកលក់សម្ភារ អ្នកទទួលម៉ៅការ ជាងជួសជុល រួមទាំងធុរកិច្ចដឹកជញ្ជូនក្នុងប្រទេសផងដែរ ។ ទាំងនេះជាការជួយជំរុញ និងរុញច្រានសេដ្ឋកិច្ចកម្ពុជាដោយផ្ទាល់តែម្តង» ។ លោក ឆៃរ៉ូត មានប្រសាសន៍បន្ថែម ។
សូមរំលឹកផងដែរ ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានទទួលសិទ្ធិក្នុងការរៀបចំ និងដំណើរការហាង សេវេន អ៉ីឡេវេន ក្នុងប្រទេសកម្ពុជា រយៈពេល ៣០ ឆ្នាំព្រមទាំងអាចពន្យារកិច្ចសន្យាបាន ២ លើកបន្ថែមទៀត ក្នុងមួយលើក ២០ ឆ្នាំ ដែលសាខាដំបូងបានបើកដំណើរការនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ ។